ភ្នំពេញៈ គ្រួសាររបស់លោក ម៉ៅ សុខចន្ទ នៅតែទន្ទឹងរង់ចាំយុតិ្តធម៌សម្រាប់កូនប្រុសខណៈដែលកាលពីម្សិលមិញ គឺជាគម្រប់ខួបមួយឆ្នាំនៃការស្លាប់របស់កូនប្រុស ម៉ៅ សុខចន្ទ អាយុ ២៩ឆ្នាំ ដែលត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាមួយ នៅស្ពានអាកាសក្បាលថ្នល់។
អ្នកស្រី ទិត្យ សាង អាយុ ៥៧ឆ្នាំ ជាម្តាយរបស់លោក ម៉ៅ សុខចន្ទ បានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា បន្ទាប់ពីការរង់ចាំអស់រយៈពេលមួយឆ្នាំ អ្នកស្រី នៅតែមិនដឹងអំពីការពិតដែលនៅពីក្រោយការស្លាប់របស់កូនប្រុសដដែល។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំបានរង់ចាំលទ្ធផលនៃការស៊ើបអង្កេត…ប៉ុន្តែ រហូតមកទល់ពេលនេះ វានៅជាអាថ៌កំបាំងនៅឡើយ។ អ្នកបាញ់នៅតែរកមិនទាន់ឃើញ ខណៈដែលកូនប្រុសខ្ញុំស្លាប់បាត់បង់ជីវិតមួយឆ្នាំមកហើយ ហើយនៅតែគ្មានពន្លឺយុតិ្តធម៌»។
អ្នកស្រី ទិត្យ សាង បានបន្តថា គាត់មិនជឿថា ការស៊ើបអង្កេតរបស់អាជ្ញាធររាជរដ្ឋាភិបាលនឹងផ្តល់នូវយុតិ្តធម៌ពិតប្រាកដនោះទេ ប៉ុន្តែគាត់សង្ឃឹមថា ការយល់ឃើញរបស់គាត់ គឺជាការខុសឆ្គងទៅចុះ។
អ្នកស្រីបន្តឲ្យដឹងទៀតថា៖ «ខ្ញុំនៅទាមទារឲ្យមន្រ្តីរដ្ឋាភិបាលស្វែងរក និងចាប់ខ្លួនអ្នកបាញ់សម្លាប់កូនប្រុសខ្ញុំនិងផ្តន្ទាទោសបុរសនោះ»។
លោក សុខចន្ទ ជាកម្មករសំណង់ ត្រូវបានបាញ់ចំក្បាល ខណៈគាត់ព្យាយាមវិលត្រឡប់មកផ្ទះវិញ នៅព្រលប់ថ្ងៃ ទី១៥ ខែកញ្ញា ក្នុងអំឡុងបាតុកម្មរបស់គណបក្សប្រឆាំងដែលបានប្រែក្លាយជាអំពើហិង្សា នៅស្ពានអាកាសក្បាលថ្នល់។
បន្ថែមពីលើការស្លាប់បាត់បង់ជីវិតគាត់ មនុស្សជាច្រើននាក់បានរងរបួសដោយនគរបាលដែលកាន់ដំបងឆក់ និងបាញ់គ្រាប់ពិតដើម្បីបំបែកអ្វីដែលពួកគេអះអាងថា គឺជាក្រុមអ្នកបង្កអំពើហិង្សា។
អ្នកស្រី ទិត្យ សាង បានឲ្យដឹងថា ជំនួយហិរញ្ញវត្ថុពីគណបក្សសង្គ្រោះជាតិ និងសម្តេចម៉ែ នរោត្តម មុនិនាថ គាត់បានចំណាយធ្វើបុណ្យសពកូនប្រុស ម៉ៅ សុខចន្ទ និងទិញដីមួយកន្លែងសម្រាប់កូនប្រសានិងចៅៗដើម្បីសាងសង់ផ្ទះស្នាក់នៅ។ ប្រាក់អំណោយនោះបានអស់រលីងទៅហើយ ហើយប្រពន្ធរបស់ សុខចន្ទ អ្នកស្រី គីវ សុខវី អាយុ ៣០ឆ្នាំ ឥឡូវនេះកំពុងជួបការលំបាកក្នុងការចិញ្ចឹមកូន ៤ នាក់តែម្នាក់ឯងដោយរកប្រាក់ប្រចាំថ្ងៃបានតិចតួច។
អ្នកស្រី សុខវី បានប្រាប់ដែរថា គម្រោងរៀបចំពិធីបុណ្យខួបប្តីស្លាប់ ពុំអាចធ្វើទៅបានទេ ដោយសារបញ្ហាចោទរឿងពុំមានប្រាក់កាស។
គាត់រៀបរាប់ទាំងទឹកភ្នែកថា៖ «ខ្ញុំចង់ធ្វើពិធីបុណ្យខួបជូនគាត់ ប៉ុន្តែខ្ញុំមិនមានលទ្ធភាពទេ ព្រោះខ្ញុំគ្មានប្រាក់គ្រប់គ្រាន់ដើម្បីរៀបចំ»។ អ្នកស្រីបានបន្ថែមថា គាត់និងកូនស្រី ៤ នាក់ ទើបតែអាយុ ២ ទៅ ៧ ឆ្នាំ បានធ្វើការបួងសួងឲ្យគាត់ នៅព្រឹកម្សិលមិញ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីម្សិលមិញ សម្រាប់អបអរទិវាលទិ្ធប្រជាធិបតេយ្យអន្តរជាតិ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានរិះគន់អាជ្ញាធរថា មិនបានអើពើចំពោះករណីស្លាប់របស់លោក ម៉ៅ សុខចន្ទ សោះឡើយ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖ «រហូតមកទល់ពេលនេះ គ្មានការស៊ើបអង្កេតឯករាជ្យ និងឲ្យមានតម្លាភាពលើសកម្មភាពរបស់កងសន្តិសុខនៅយប់នោះទេ បើទោះបីជាក្រសួងមហាផ្ទៃ បានសន្យាថា នឹងធ្វើការស៊ើបអង្កេតករណីទាំងនេះក៏ដោយ»។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «កង្វះនៃការស៊ើបអង្កេតលើករណីលោក សុខចន្ទ ស្លាប់នេះ គឺជាឧទាហរណ៍ច្បាស់មួយបង្ហាញថា វប្បធម៌និទ្ទណ្ឌភាពបានរាំងស្ទះដល់ការអភិវឌ្ឍលទិ្ធប្រជាធិបតេយ្យនៅ ប្រទេសកម្ពុជា»។
ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានសង្កត់ធ្ងន់កាលពីម្សិលមិញថា រដ្ឋាភិបាលបានបំពេញតួនាទីរបស់ខ្លួន ដោយបានធ្វើការស៊ើបអង្កេតពីហេតុការណ៍នោះ។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា៖ «មានការស៊ើបអង្កេត …ការស៊ើបអង្កេតរបស់រដ្ឋាភិបាលបានចប់ហើយ ការស៊ើបអង្កេតរបស់តុលាការកំពុងបន្តនៅឡើយ»។
នៅពេលសួរថា តើលទ្ធផលនៃការស៊ើបអង្កេតនឹងត្រូវផ្សាយជាសាធារណៈ ហើយតើមានអ្នកណាត្រូវកាត់ទោសក្នុងករណីស្លាប់របស់លោក សុខចន្ទ យ៉ាងណា? លោក ផៃ ស៊ីផាន ថ្លែងថា៖ «យើងទុកឲ្យតុលាការសម្រេច»។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្វែរសំណួរអំពីការស៊ើបអង្កេតទាំងអស់ឲ្យសួរទៅក្រសួងមហាផ្ទៃ។
មន្រ្តីក្រសួងមហាផ្ទៃ មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ ចំណែកឯលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា លោកបានចេញពីការិយាល័យហើយ ហើយមិនអាចឆ្លើយសំណួររបស់អ្នកយកព័ត៌មានបានទេ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សប្រឆាំង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា គណបក្សសង្គ្រោះជាតិ គ្រោងលើកយកបញ្ហានេះទៅរដ្ឋសភា។
លោក យឹម សុវណ្ណ បានបន្ថែមថា៖ «យើងត្រូវនាំខ្លួនឃាតករមកកាត់ទោស។ ការសម្លាប់មនុស្សគឺជាអំពើឧក្រិដ្ឋ។ អំពើឧក្រិដ្ឋនឹងបន្តមានរហូត ដរាបណាពួកគេមិនត្រូវបានកាត់ទោស»។
លោក យឹម សុវណ្ណ បានបន្ថែមថា គណបក្សលោកក៏ចង់បានការស៊ើបអង្កេតដោយតម្លាភាពក្នុងករណីស្លាប់របស់មនុស្ស ៤ នាក់ទៀតដែរ ដែលបានសម្លាប់ដោយសន្តិសុខ ក្នុងអំឡុងកូដកម្មកម្មករកាត់ដេរនៅដើម ខែមករា ក្នុងហេតុការណ៍មួយ ដែលពុំឃើញមានការកាត់ទោសទេ។ លោកបន្តថា៖ «យើងចង់លុបបំបាត់វប្បធម៌និទ្ទណ្ឌភាព»។
ប៉ុន្តែ លោក នី ចរិយា ប្រធានអ្នកស៊ើបអង្កេតនៅសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា ការស៊ើបអង្កេតករណីនេះមិនចាំបាច់ទេ។
លោក នី ចរិយា បានបញ្ជាក់ថា៖ «ករណីនេះមិនត្រូវការការស៊ើបអង្កេតទេ ព្រោះយើងមានភ័ស្តុតាងទាំងអស់។ ពេលនោះ គឺនគរបាល និងកងរាជអាវុធហត្ថនៅទីនោះ»។
លោក នី ចរិយា បានបន្ថែមថា ប្រព័ន្ធតុលាការឯករាជ្យគឺជាគន្លឹះសម្រាប់ទទួលបាននូវយុតិ្តធម៌។
ចំពោះគ្រួសារលោក ម៉ៅ សុខចន្ទ គោលនយោបាយជុំវិញការបាត់បង់របស់ពួកគេគឺគ្មានន័យទេ។ តាមការចងចាំពេលវេលានៅជាមួយប្តីមុនពេលគាត់ស្លាប់ អ្នកស្រី សុខវី និយាយថា ឆ្នាំមុនគឺជាពេលវេលាដ៏អាក្រក់បំផុតក្នុងជីវិតរបស់អ្នកស្រី៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
Read more: http://www.cambodiapage.info/?p=42081#ixzz3DWsnjPzc
No comments:
Post a Comment