នៅក្នុងប្រព័ន្ធសភានិយមដូចជាកម្ពុជា សមាជិករដ្ឋសភា ឬតំណាងរាស្ត្រមានតួនាទីសំខាន់ណាស់ក្នុងការការពារផលប្រយោជន៍ជាតិ។ ដើម្បីលើកទឹកចិត្តដល់អ្នកតំណាងរាស្ត្រអោយបំពេញបេសកកម្មនេះ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេស បានផ្តល់សិទ្ធិពិសេសដល់ពួកគេថែមទៀត។
សិទ្ធិពិសេសទាំងនោះ ហៅថា អភ័យឯកសិទ្ធិ ដែលការពារតំណាងរាស្ត្រពីការសម្លុត គំរាមកំហែង ចោទប្រកាន់ ឬចាប់ចង ដោយគ្រាន់តែបានសម្ដែងមតិយោបល់ ក្នុងការបំពេញតួនាទីរបស់ខ្លួនជាអ្នកតំណាងរាស្ត្រ។
ប៉ុន្តែ បើសិនតំណាងរាស្ត្រដែលមានតួនាទីឃ្លាំមើលសកម្មភាពរបស់រដ្ឋាភិបាល ដើម្បីជួយរាស្ត្របំពេញការងាររបស់ខ្លួន ពោរពេញទៅដោយការភ័យខ្លាចទៅហើយនោះ តើបាននរណាជួយរាស្ត្រ?
តទៅនេះ លោក ជី វិតា មានបទវិភាគមួយដោយពិនិត្យមើលនយោបាយ “ឯងជួយអញ អញជួយឯង” របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ះពាល់ដល់នីតិរដ្ឋយ៉ាងណាខ្លះ៖
ពេលចប់អាណត្តិចាស់ចូលដល់អាណត្តិថ្មីម្តងៗ ទាំងសហគមន៍ជាតិ និងអន្តរជាតិ តែងសង្ឃឹមថា ការគ្រប់គ្រងប្រទេសកម្ពុជា នឹងមានការផ្លាស់ប្ដូរទៅរកភាពល្អប្រសើរ។ ប៉ុន្តែក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាងពីរទសវត្សរ៍កន្លងមកនេះ វិបត្តិធំៗដូចជា បញ្ហាអំពើពុករលួយ បញ្ហាឯករាជ្យតុលាការ បញ្ហាគាបសង្កត់រដ្ឋសភា បញ្ហាបំផ្លាញធនធានធម្មជាតិ បញ្ហាដីធ្លី បញ្ហាអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងបញ្ហានិទ្ទណ្ឌភាព ហាក់កាន់តែធ្ងន់ធ្ងរ។ កាន់តែធ្ងន់ធ្ងរ ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តនយោបាយការពារមន្ត្រី និងឈ្មួញខិលខូច ដរាបណាពួកគេមានភក្តីភាព និងប្រយោជន៍ចំពោះលោក។ ប៉ុន្តែបើបុគ្គលណាធ្វើអ្វីមួយប៉ះពាល់ដល់ប្រយោជន៍របស់លោកហើយ លោកមិនអោយនៅសុខទេ។
ឧទាហរណ៍ថ្មីៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែមិនបានថ្លែងសាទរគាំទ្រចំពោះ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា ដែលចេញមុខប្រកាសប្រយុទ្ធប្រឆាំងអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែលោកបានថ្លែងគំរាមដកហូតតំណែង លោក កឹម សុខា ថែមទៀតផង។
លោក ហ៊ុន សែន៖ «អើ! ថារកវិធីបោះឆ្នោតទម្លាក់រដ្ឋមន្ត្រី អឺ! បើបោះឆ្នោតទម្លាក់រដ្ឋមន្ត្រី យើងគិតបោះឆ្នោតទម្លាក់អនុប្រធានរដ្ឋសភាវើយ។ សំឡេងអាណាខ្លាំងជាងអាណា អាហ្នឹងប្រយ័ត្នផងវើយ»។
ក្នុងរបបប្រជាធិបតេយ្យ រដ្ឋសភាដែលជាអង្គនីតិប្បញ្ញត្តិ មានតួនាទីសំខាន់ណាស់ក្នុងការជួយធ្វើអោយសង្គមជាតិស្អាតស្អំ គ្មានអំពើពុករលួយ និងលើកស្ទួយនីតិរដ្ឋ។ រដ្ឋសភា អាចសម្រេចគោលដៅទាំងនេះបាន តាមរយៈការធ្វើច្បាប់ល្អតាមដានសកម្មភាពអនុវត្តន៍ច្បាប់របស់រដ្ឋាភិបាល និងកោះហៅមន្ត្រីរដ្ឋាភិបាល មកឆ្លើយបំភ្លឺនូវបញ្ហាជាតិ រហូតដល់បោះឆ្នោតទម្លាក់រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី ដែលរំលោភអំណាច និងបំពានច្បាប់ ជាដើម។
ប៉ុន្តែ រហូតមកដល់ចុងអាណត្តិទី៤ សហគមន៍ជាតិ និងអន្តរជាតិ មើលឃើញថា រដ្ឋសភាកម្ពុជា មិនត្រឹមតែមិនបានប្រើប្រាស់អំណាចរបស់ខ្លួនអោយសមតាមគន្លងប្រជាធិបតេយ្យ ដែលរដ្ឋធម្មនុញ្ញបានប្រគល់អំណាចអោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាស្ថាប័នចាំតែប្រថាប់ត្រា ឬសម្រួលកិច្ចការដែលជាប្រយោជន៍នយោបាយ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ថែមទៀតផង។
ទោះជាយ៉ាងណា សញ្ញាផ្លាស់ប្ដូរឥរិយាបថរបស់ស្ថាប័នកំពូលមួយនេះ ហាក់ដូចជាចាប់ផ្ដើមហើយ គឺផ្លាស់ប្ដូរពីរដ្ឋសភាដែលចាំតែលើកដៃ ទៅជារដ្ឋសភាថ្លៃថ្នូរ គោរពរដ្ឋធម្មនុញ្ញ។ ប៉ុន្តែពន្លកថ្មីដែលកំពុងអើតក្បាលប៉ឹមៗមកនេះ ត្រូវរងការគំរាមក្តិចចោលទៅវិញ។
នៅដើមខែកញ្ញា ឆ្នាំ២០១៤ នេះ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា បានប្រកាសថា លោកនឹងប្រើប្រាស់រដ្ឋសភា ដើម្បីបោះឆ្នោតដកហូតមន្ត្រីរាជការណាដែលពុករលួយ។ ប៉ុន្តែ ការប្ដេជ្ញារបស់តំណាងរាស្ត្ររូបនេះ ត្រូវបន្ទច់បង្អាក់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ។ ការគំរាមដកហូតតំណែង លោក កឹម សុខា ធ្វើអោយមតិជាតិ និងអន្តរជាតិខ្លះមានការភ្ញាក់ផ្អើល និងកាន់តែបាត់បង់ជំនឿលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយថែមទៀត។
ភ្ញាក់ផ្អើល ពីព្រោះនាពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តអោយគណបក្សប្រឆាំង ជួយបោសសម្អាតអំពើពុករលួយ ដោយចាត់គណបក្សប្រឆាំង គឺជាកញ្ចក់សង្គមទៀតផង។
ប៉ុន្តែ សម្រាប់អ្នកតាមដានព្រឹត្តិការណ៍កម្ពុជា យ៉ាងដិតដល់នោះ ប្រាកដជាមិនភ្ញាក់ផ្អើលអ្វីទេ ពីព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងឱបក្រសោបការពារមន្ត្រី និងឈ្មួញខិលខូចតែអ៊ីចឹងតាំងពីដើមមក។
ចរិតនយោបាយ “ឯងជួយគ្នាអញ អញជួយគ្នាឯង ឯងជួយគ្រួសារអញ អញជួយគ្រួសារឯង” របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះហើយដែលបានជួយអោយលោកផ្ដួលរំលំសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ក្នុងអាណត្តិទី១ បានដោយជោគជ័យ។ ខុសគ្នាពី លោក ហ៊ុន សែន ដែលតែងការពារអ្នកមានស្វាមីភ័ក្តិចំពោះលោក ទោះប្រព្រឹត្តអ្វីខុសក៏ដោយចុះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ វិញមិនដូច្នេះទេ។
ព្រះអង្គបានឃុបឃិតគ្នាជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ នាពេលនោះ ដកមន្ត្រីស្មោះត្រង់របស់ព្រះអង្គ គឺលោក សម រង្ស៊ី ពីតំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសារតែរដ្ឋមន្ត្រីរូបនេះ ហ៊ានចេញមុខបង្ក្រាបថៅកែ ថេង ប៊ុនម៉ា ជាម្ចាស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលល្មើសច្បាប់មិនបង់ពន្ធលើទំនិញនាំចូល។
គ្មាននរណាហ៊ានក្អកជាមួយ លោក ថេង ប៊ុនម៉ា ទេ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ពីព្រោះឧកញ៉ាដ៏មានឥទ្ធិពលរូបនេះ ស្និទ្ធនឹង លោក ហ៊ុន សែន។ សូម្បីតែ លោក ថេង ប៊ុនម៉ា ដកកាំភ្លើងខ្លីកា៥៩ បាញ់បំបែកកង់យន្តហោះ ឌឹ រូយ៉ាល់ អ៊ែ ខេមបូឌ (the Royal Air Cambodge) នៅឆ្នាំ១៩៩៧ ផ្អើលពេញពិភពលោក បន្ទាប់ពីរកវ៉ាលីរបស់គាត់មិនឃើញក៏ដោយ ពេលត្រឡប់ពីហុងកុង វិញនោះ ក៏មិនមានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានចាប់ឃាត់ខ្លួនគាត់ដែរ។ ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះ ឆ្នាំ១៩៩៧ បានជោគជ័យ លោក ថេង ប៊ុនម៉ា បាននិយាយអួតប្រាប់អ្នកសារព័ត៌មានបរទេសថា លោកបានអោយលុយ ១លានដុល្លារអាមេរិកដល់ លោក ហ៊ុន សែន ដើម្បីឧបត្ថម្ភដល់សកម្មភាពរដ្ឋប្រហារនាពេលនោះ។
ករណីការពារប្រយោជន៍គ្នាទៅវិញទៅមក “ឯងជួយគ្នាអញ អញជួយឯង” របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្ដែងចេញមកនៅមានទៀត។ នេះបើគិតតែករណីដែលលាតត្រដាងចេញមកប៉ុណ្ណោះ ដូចជា ករណីឧកញ៉ា ម៉ុង ឬទ្ធី ដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធកញ្ឆាចំនួន ៧តោន តាមផែកំពង់សោម ឆ្នាំ១៩៩៧ ក៏ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខការពារដែរ។ ឧកញ៉ា ម៉ុង ឬទ្ធី ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីផងនោះ ជាអ្នកជួយលុយរាប់សិបលានដុល្លារដល់គម្រោងអភិវឌ្ឍន៍ ហ៊ុន សែន។
ឧទាហរណ៍ករណីជាក់ស្តែងថ្មីៗនេះទៀត គឺសំណុំរឿងរបស់ទណ្ឌិត ឈូក បណ្ឌិត អតីតចៅហ្វាយស្រុកបាវិត ដែលត្រូវតុលាការកាត់ទោសអោយជាប់គុក ២ឆ្នាំ ពីបទបាញ់កម្មកររោងចក្របីនាក់អោយរបួស ប៉ុន្តែមិនដែលត្រូវបានចាប់ខ្លួន។ នេះក៏ដោយសារមានមន្ត្រីជាន់ខ្ពស់ការពារ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាមិនដឹងមិនឮ។ ក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាងពីរទសវត្សរ៍មកនេះ អំពើនិទ្ទណ្ឌភាព ឬជនល្មើសច្បាប់គេចផុតពីសំណាញ់ច្បាប់ ដោយសារតែនយោបាយ “ឯងជួយអញ អញជួយឯង” នេះ នៅមានច្រើនទៀត។
ងាកត្រឡប់មករឿងគំរាមទម្លាក់ លោក កឹម សុខា វិញ។ តើការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែអនុប្រធានទី១រដ្ឋសភារូបនេះ ចង់ខ្ចីដៃតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដើម្បីកម្ចាត់រដ្ឋមន្ត្រីដែលពុករលួយ មានផលប៉ះពាល់ផ្លូវច្បាប់យ៉ាងណាដែរ? មិនមានបញ្ញត្តិណាមួយចែងអំពីនីតិវិធីដកហូតតំណែងថ្នាក់ដឹកនាំរដ្ឋសភា ដែលបានសម្ដែងមតិ ដែលមតិនោះជាការផ្តល់ផលប្រយោជន៍ដល់ជាតិឡើយ។ ប៉ុន្តែ មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិ។ តំណាងរាស្ត្រណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួន ដោយហេតុពីបានសម្ដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនបានឡើយ។
ទោះជាយ៉ាងណា ការប្រកាសចាត់វិធានការកម្ចាត់អំពើពុករលួយ គឺជាសេចក្តីប្រាថ្នារបស់ពលរដ្ឋខ្មែរគ្រប់គ្នា។ សូម្បីតែអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានលើកទឹកចិត្តអោយពលរដ្ឋខ្មែរគ្រប់រូប ជួយគ្នាបំបាត់អំពើពុករលួយ ដោយរាយការណ៍អំពីមន្ត្រីពុករលួយដែរ។ ចុះទម្រាំ លោក កឹម សុខា ប្រើប្រាស់តួនាទីជាតំណាងរាស្ត្រ ផ្ដួចផ្ដើមគំនិតបំបាត់អំពើពុករលួយ បែរជាត្រូវទទួលទណ្ឌកម្មទៅវិញ។ សួរថា តើប្រជារាស្ត្រខ្មែរនឹងអត់ក្តៅក្រហាយបានទេ?
ភ្លាមៗក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមបោះឆ្នោតទម្លាក់តំណែង លោក កឹម សុខា ដែលមានបំណងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនោះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក (facebook) ជាច្រើន បានជេរប្រទេចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងចាស់ដៃ។
ទោះជាយ៉ាងណា មើលទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រហែលជាព្រួយបារម្ភអំពីសុវត្ថិភាពរបស់លោកផ្ទាល់ខ្លាំងជាង ទើបប្រញាប់វាយបកទៅ លោក កឹម សុខា ភ្លាមៗ ដោយមិនទុកឱកាសអោយ លោក កឹម សុខា បញ្ចេញសកម្មភាពមុន។ ការបារម្ភនោះ គឺថា ប្រសិនបើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អាចកៀរគររកសំឡេងគាំទ្រពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានចំនួន ៧សំឡេងទៀត បង្គ្រប់អោយបាន ៥០ភាគរយបូក១ ដើម្បីអាចបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីពុករលួយណាមួយមែននោះ ថ្ងៃណាមួយ ពួកគេអាចនឹងបោះឆ្នោតទម្លាក់រូបលោកបានដែរ។
អង្គការតម្លាភាពអន្តរជាតិ បានចាត់ប្រទេសកម្ពុជា ចូលក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្ពស់បំផុតមួយលើលោក។ អំពើពុករលួយនៅកម្ពុជា កើតមានជាប្រព័ន្ធ និងវេញចាក់ស្រេះយ៉ាងជ្រៅក្នុងសង្គមកម្ពុជា ដែលមិនអាចបំបែកបានដោយងាយៗ។
ពុករលួយចាក់ស្រេះ កប់ជ្រៅ មិនអាចបំបែកបានដោយងាយៗនេះ គឺដោយសារតែនយោបាយ “ឯងជួយអញ អញជួយឯង» របស់គណបក្សកាន់អំណាចនេះហើយ។
ទោះជាយ៉ាងណាក៏ដោយចុះ ក្រុមអ្នកឃ្លាំមើលនយោបាយកម្ពុជា យល់ឃើញថា វាល្មមដល់ពេលហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរបោះបង់ចោលនយោបាយ “ឯងជួយអញ អញជួយឯង” ហើយងាកមកសហការជាមួយគណបក្សប្រឆាំង ដើម្បីបោសសម្អាតអំពើពុករលួយ ដូចដែលលោកបានសន្យាដ៏ឧឡារិកច្រើនដងហើយនោះ។ ប្រសិនបើលោកចេះតែសន្យាខ្យល់ច្រើនពេក ការបោះឆ្នោតអាណត្តិទី៦ គណបក្សប្រជាជនកម្ពុជា អាចនឹងបាត់បង់កៅអីច្រើនថែមទៀត ហើយវិបត្តិសង្គមអាចនឹងផ្ទុះឡើងដូចគ្រាប់បែកកំណត់ពេល ដែលរង់ចាំតែឱកាសប៉ុណ្ណោះ៕
ប្រភពពី វិទ្យុអាស៊ីសេរី
Read more: http://www.cambodiapage.info/?p=42124#ixzz3DWrnUY1W
No comments:
Post a Comment